ប្រាសាទព្រះខាន់ ស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧
ព្រះ ​បាទ​ជ័យ​វរ្ម័ន​ទី៧ បាន​ធ្វើ​អោយ​អាណាចក្រ​ខ្មែរ​ឡើង​ដល់​ចំណុច​កំពូល​នៃ​អំណាច។ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះ​អង្គ ជន​ជាតិ​ខ្មែរ​បាន​គ្រប់​គ្រង​ទឹក​ដី​កម្ពុជា និង​ទឹក​ដី​ថៃ​បច្ចុប្បន្ន​ទាំង​មូល គ្រប់​គ្រង​ទឹក​ដី​វៀត​ណាម​ផ្នែក​ខាង​ត្បូង ទឹក​ដី​ផ្នែក​ខ្លះ​របស់​ឡាវ ភូមា និង​ឧប​ទ្វីប​ម៉ាឡេ​នៃ​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ…។
ក្នុង​ ប្រវត្តិសាស្ត្រ​ខ្មែរ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ ជា​ព្រះ​មហាក្សត្រ​ដែល​បាន​សង់​ប្រាង្គ​ប្រាសាទ​ច្រើន​ជាង​គេ។ ប្រាសាទ​ទាំង​នេះ​ភាគ​ច្រើន​ស្ថិត​នៅ​ជិត ឬ​ក្នុង​រង្វង់​នគរធំ។
ស្នាដៃ​ព្រះ​បាទ​ជ័យ​វរ្ម័នទី៧
-ប្រាសាទ ​តាព្រហ្ម ប្រាសាទ​ព្រះខ័ន ប្រាសាទ​បន្ទាយឆ្មារ ប្រាសាទ​បន្ទាយ​ក្តី ប្រាសាទ​តាសោម ប្រាសាទ​នាគ​ព័ន្ធ ប្រាសាទ​ភិម័យ (ប្រទេសសៀម)…។
-មន្ទីរពេទ្យ​ចំនួន​១០២ ត្រូវ​បាន​ព្រះអង្គ​សាង​សង់​ឡើង​នៅ​ក្នុង​អាណាចក្រខ្មែរ
-ធម្ម​សាលា ឬ​សាលា​សំណាក់ ទាំង​អស់​១២១
-និង​ស្នាដៃ​ជា​ច្រើន​ទៀត…។
សិលា ​ចរិក​ខ្មែរ​បាន​រំលឹក​អំពី​ទឹក​ចិត្ត និង​ទុក្ខ​ព្រួយ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ ដោយ​សង្កត់​យ៉ាង​ធ្ងន់​ថា “ព្រះ​អង្គ​ឈឺ​ចុក​ចាប់​ខ្លាំង​ណាស់ ដោយ​សារ​ទុក្ខ​ព្រួយ​របស់​ប្រជា​នុរាស្ត្រ ខ្លាំង ហើយ​ធ្ងន់​ជាង​ការ​ឈឺ​ចាប់​របស់​ព្រះ​អង្គ​ផ្ទាល់​ទៅ​ទៀត។ គឺ​ទុក្ខ​ព្រួយ​របស់​ប្រជា​រាស្ត្រ ដែល​នាំ​មក​នូវ​ក្តី​ឈឺ​ចុក​ចាប់​ដល់​ព្រះ​មហាក្សត្រ”។
ទ្រឹស្តី​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី៧
ទ្រឹស្តី​នយោបាយ​របស់​ព្រះអង្គ ត្រូវ​បាន​កត់​សម្គាល់​ឃើញ​ដូច​តទៅ៖
១-ការ​គោរព​ច្បាប់ ជា​បញ្ញត្តិ​ធំ​បង្អស់​សម្រាប់​អ្នក​ដឹក​នាំ​ប្រទេស​ជាតិ
២-និយម​សន្តិភាព ជៀស​វាង​មិន​បង្ក​បង្កើត​សង្គ្រាម​ក្នុងស្រុក
៣-ការ​ពារ​ជាតិ មាតុភូមិ ក្នុង​គ្រា​អាសន្ន​ដែល​សត្រូវ​បរទេស​ចូល​ឈ្លាន​ពាន
៤-ដើម្បី​ឡើង​កាន់​អំណាច ត្រូវ​ចេះ​លាក់​ខ្លួន អត់ធ្មត់ និង​រង់​ចាំ​ពេល​វេលា
៥-ដើម្បី ​យក​ជ័យ​ជំនះ​លើ​សត្រូវ​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្លួន គេ​ត្រូវ​ប្រើ​វិធី​វាយ​ឆ្មក់ ឬ​មួយ​ទុក​អោយ​សត្រូវ​វាយ​ប្រយុទ្ធ​និង​សត្រូវ​មួយ​ទៀត ទើប​ចាត់​ការ​តាម​ក្រោយ។
៦-យក​បញ្ហា​អាយុ​ជីវិត អនាគត​រាស្ត្រ​ជា​ធំ​មុន​អំណាច និង​ប្រយោជន៍​ផ្ទាល់​ខ្លួន។
៧-ការ​ដណ្តើម​អំណាច​ជា​រឿង​មួយ ការ​រំដោះ​ជាតិ​ជា​រឿង​មួយ ហើយ​ការ​កសាង​ជាតិ​អោយ​រុង​រឿង​ជា​រឿង​មួយ​ទៀត។
នៅក្រោម ​រាជ្យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ អាណា​ចក្រ​ខ្មែរ​មាន​វិសាល​ភាព​ធំ​ទូលំ​ទូលាយ​នៅ​អាស៊ី​អគ្នេយ៍ ហើយ​មាន​អំណាច​ទាំង​ផ្នែក​សេដ្ឋ​កិច្ច សង្គម​កិច្ច វប្បធម៌ ស្ថាបត្យកម្ម និងយោធា។ អាណាចក្រ​ជិត​ខាង​របស់​ខ្លួន គោរព​កោត​ខ្លាច និង​ខ្លះ​ទៀត​ស្ថិត​នៅ​ជា​ចំណុះ​ខ្មែរ។ កិត្យា​នុ​ភាព​ខ្មែរ ល្បី​រន្ទឺ​ឮ​ពេញ​ទ្វីប​អាស៊ី និង​ទ្វីប​ដទៃ​ទៀត​នា​សម័យ​កាល​នោះ។
ប៉ុន្តែ ​នៅ​ពេល​ព្រះអង្គ​សោយ​ទីវង្គត់​នៅ​ឆ្នាំ​១២១៨ អាណាចក្រ​ខ្មែរ​ចាប់​ផ្តើម​ធ្លាក់​ចុះ​ដុន​ដាប​បន្តិច​ម្តងៗ អស់​រយៈ​ពេល​យ៉ាង​យូរ។ ជន​ជាតិ​អណ្ណាម នៅ​វៀត​ណាម​ភាគ​ខាង​ជើង បាន​ជម្រុល​ចុះ​មក​ភាព​ខាង​ត្បូង និង​បាន​ទន្ទ្រាន​កាន់​កាប់​អាណាចក្រ​ចម្ប៉ា។ អរិយធម៌​មួយ​ដែល​មាន​ឈ្មោះ​ថា ឡាន់ សាង នៅ​ឡាវ​ភាគ​ខាង​ជើង ចាប់​ផ្តើម​រឹប​អូស​យក​ទឹក​ដី​ពី​អាណាចក្រ​ខ្មែរ។ ប៉ុន្តែ​ការ​គំរាម​កំហែង​ធំ​បំផុត​ចំពោះ​អាណាក្រ​ខ្មែរ គឺ​អាណាចក្រ​តូចៗ​នានា​នៅ​ភាគ​ខាង​លិច​ដែល​មាន​ពូជសាសន៍​ចំរុះ សៀម-ខ្មែរ ដែល​ងើប​ឡើង​បះបោរ​ប្រឆាំង​និង​អាណាចក្រ​ខ្មែរ។
អាណាចក្រ​ភាគ​ខាង​លិច ​ដែល​មាន​អំណាច​បំផុត គឺ​មាន​ឈ្មោះ​ថា សុខោទ័យ។ អាណាចក្រ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កូន​ប្រសារ​ម្នាក់​របស់​ព្រះ​បាទ​ ជ័យ​វរ្ម័ន​ទី៧ ដែល​បាន​រៀប​អភិសេក​ជាមួយ​ក្សត្រី​សៀម​មួយ​អង្គ។ នៅឆ្នាំ​១២៣៨ អាណាចក្រ​សុខោទ័យ បាន​រំដោះ​ខ្លួន​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​ខ្មែរ។ ចាប់​តាំង​ពី​ពេល​នោះ​មក អាណាចក្រ​សៀម​នានា​កាន់​តែ​រីក​ធំ​ធាត់​ឡើង ហើយ​មាន​ចិត្ត​ចង់​ពង្រីក​ការ​គ្រប់​គ្រង​របស់​ខ្លួន។
ទីបំផុត​ អាណាចក្រ​តូចៗ​ទាំងនេះ បាន​រួម​គ្នា​បង្កើត​ជា​អាណាចក្រ​តែ​មួយ​ដែល​មាន​ឈ្មោះ​ថា អាណាចក្រ​សៀម ហើយ​ចាប់​ផ្តើម​ដាក់​សំពាធ​នៅ​តាម​ព្រំដែន​ខ្មែរ។ សៀម​បាន​រឹប​អូស​យក​អង្គរ​នៅ​ឆ្នាំ ១៤៣១។ ហើយ​មេ​ដឹក​នាំ​ខ្មែរ​ពេល​នោះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​រាជ​ធានី​មក​កាន់​ ភ្នំពេញ។